ច្បាប់ស្រី
បទភុជង្គលីលា
១. នេះបទកំណត់ចងជា ភុជង្គលីលា ចងជាច្បាប់ស្រី។
កាលនាងឥរន្ទវតី ចរចាកតាមប្ដី គឺបុណ្ណកយក្សា(១)។
នាងវិមលាជាព្រះមាតា បើកបន្ទូលថា ហៃកូនពិសី។
នាងនឹងត្រាច់ត្រង់តាមប្ដី ចេញចាកអំពី ពិភពនាគនេះ។
៥. ទៅឋានមនុស្សលោកនាយអេះ ចូរនាងចាំចេះ បម្រើស្វាមី។
ធើ្វវត្តប្រតិបត្តិប្រក្រតី កុំឱយស្វាមី អាក់អន់ចិន្តា។
នាងអើយគម្ដែងក្រឡា ជាម្ចាស់សិរសា កូនកុំមាក់ងាយ។
ហៃកូនស្រីស្ងួនមាសម្ដាយ ក្រណាស់នាងអាយ តាមដោយច្បាប់ស្រី។
ក្រមួយមិនបានសម្ដី ពាក្យទន់តិចនៃ ឱយញាតិចូលចិត្ត។
១០. ក្រមួយមិនចេះរិះគិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា។
ទោះមានមិនមានក្ដីណា ពាក្យផ្អែមចរចា ទើបគេស្រឡាញ់។
កុំជូចិត្តស្មូរកំណាញ់ មិនមានអស់អញ នឹងញាតិសន្តាន។
កើតយសរបស់ផងបាន កើតសុខក្សេមក្សាន្ត ពីព្រោះកូនស្រី។
ទោះនឹងនិយាយស្រដី ការកេរជាស្រី កុំស្ដីឡេះឡោះ។
១៥. ថាលេងដូចក្មេងញ៉េះញ៉ោះ ឃើញប្រុសកំឡោះ សសៀរចូលជិត។
សើចព្រៀងបញ្ឆៀងមិនគិត ប្រុសព្រើសបានចិត្ត ទាហានដោយសារ។
ហៅស្រីអប្រិយឥតការ ឥតមានឥរិយា មារយាទក្នុងខ្លួន។
សើវ៉ើពុំធើ្វនឹងនួន ស្រដីមិនមួន មិនមានអៀនអន់។
ឃើញគេបៀតបែរគយគន់ សើចសួរចំអន់ ចំអកឱយប្រុស។
Comments
Post a Comment